សូមស្វាគមន៍យ៉ាងកក់ក្តៅពីធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

បណ្ឌិត សឿង ម៉ូរ៉ារិទ្

ប្រធាននាយកប្រតិបត្តិ

ការឈានមកដល់ឆ្នាំ ២០២៥ ធនាគារ ឈីហ្វ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់នូវទំនុកចិត្ត ក្រមសីលធម៌ វិជ្ជាជីវៈ និងទំនាក់ទំនងជូនអតិថិជនឱ្យកាន់តែប្រសើរ ដែលទាំងនេះគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពជោគជ័យបន្តទៀត។ យើងជឿជាក់ថាការប្តេជ្ញាចិត្តទាំងនេះ គឺជាចំណុចស្នូលប្រតិបត្តិការក្នុងបរិយាកាសហិរញ្ញវត្ថុប្រកួតប្រជែង និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត។

គុណតម្លៃស្នូល និងវិធីសាស្រ្តអាជីវកម្មធនាគារនឹងបន្តពង្រឹងឱ្យស្ថាប័នហិរញ្ញវត្ថុឱ្យរឹងមាំក្នុងឆ្នាំខាងមុខទៀត។ ទំនុកចិត្ត និងក្រមសីលធម៌ វិជ្ជាជីវៈ គឺជាសសរស្តម្ភដែលនាំយើងឆ្លងកាត់គ្រប់ដំណាក់កាលដើម្បីភាពរីកចម្រើន នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ យើងមានក្រុមការងារដ៏ល្អរឹងមាំ មានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងមានគំរូអាជីវកម្មល្អៗ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងពេលបច្ចុប្បន្ន និងអនាគត។ ការប្តេជ្ញាចិត្តអនុវត្តប្រកបដោយសីលធម៌ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវិធីសាស្រ្តយុទ្ធសាស្ត្រអាជីវកម្ម។ ធនាគារ ឈីហ្វ មានការប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតសំខាន់លើភាពស្មោះត្រង់ និងយុទ្ធសាស្រ្តអាជីវកម្ម រយៈពេលវែងជាជាងគិតលើផលចំណេញក្នុងរយៈពេលខ្លី។ យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ និរន្តរភាពជាមួយអតិថិជន និងវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ អាជីវកម្មដែលធានាថាយើងបន្តបម្រើអតិថិជប្រកបដោយប្រសិទ្ធភាព។

ធនាគារ ឈីហ្វ បានចាប់ផ្តើមប្រតិបត្តិការធនាគាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៣ រហូតមកដល់ឆ្នាំ ២០២៥ ដែលមានកម្លាំងការងារ អតិថិជន និងទ្រព្យសកម្មសរុបបានកើនឡើងគួរអោយកត់សម្គាល់។ ធនាគារ ឈីហ្វ ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីបង្កើតឡើងមក ជាមួយនឹងដើមទុនចុះបញ្ជីដំបូងត្រឹមចំនួន ១០ លានដុល្លារតែប៉ុណ្ណោះ ហើយវិវត្តន៍ពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជពេញលេញនៅឆ្នាំ ២០១៨។ វឌ្ឍនភាពនេះមានការកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈប្រាក់បញ្ញើសរុបលើសពី ១៨៨ លានដុល្លារ និងទ្រព្យសកម្មសរុបលើសពី ២៧៨ លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ នេះ បានធ្វើឱ្យធនាគារ ឈីហ្វ សម្រេចបានតាមផែនការប្រតិបត្តិការក្នុងឆ្នាំ ២០២៤ និងឆ្នាំខាងមុខទៀត តាមរយៈភាពជឿនលឿនផ្នែកឌីជីថល (Digital) បទប្បញ្ញត្តិល្អៗ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ។ យើងប្រកាន់ខ្ជាប់នូវទស្សនៈសាជីវកម្ម "The Chief Way" ដោយផ្តល់អាទិភាពដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូជាមួយអតិថិជន។ ការផ្តោតលើការកសាងទំនាក់ទំនងរយៈពេលវែងដោយផ្អែកលើការជឿទុកចិត្ត ប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ត្រូវបានចាក់ឫស ហើយយើងក៏ជឿជាក់ថានេះគឺជាគន្លឹះនៃវិបុលភាពរួមគ្នាសម្រាប់ទាំងធនាគារ និងអតិថិជន។

នៅឆ្នាំ២០២៥ នេះ ធនាគារ ឈីហ្វ នឹងបន្តការពង្រីកវិសាលភាពរបស់ខ្លួនដោយបើកដំណើរការប្រតិបត្តិការទីស្នាក់ការថ្មីក្នុងអគារ Chief Tower ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ អគារស្នាក់ការកណ្តាលថ្មីនេះ ត្រូវបានកំណត់ថា ជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើនជាយុទ្ធសាស្រ្តរបស់ធនាគារ។ ទីតាំងនេះស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏សំខាន់ ទីស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នៅក្នុងអគារ Chief Tower នឹងផ្តល់នូវភាពងាយស្រួលកាន់តែប្រសើរ សម្រាប់ទាំងអតិថិជន និងដៃគូ ខណៈដែលនឹងបង្កើនវត្តមានរបស់ធនាគារនៅក្នុងតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅក្នុងទីក្រុង។ យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍថ្មីនេះ ដោយអាចនិយាយថា ទីស្នាក់ការថ្មីរបស់យើងមិនគ្រាន់តែជានិមិត្តសញ្ញានៃការរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី ការជឿទុកចិត្ត និងឧត្តមភាពសេវាកម្ម។

ធនាគារបន្តការយកចិត្តទុកដាក់លើសេវាកម្មបន្ថែមទៀតដូចជា កម្មវិធីប្រាក់កម្ចីខ្នាតតូចឌីជីថល (Digital) គឺ “Chief Easy” និងប្រព័ន្ធទូទាត់ឌីជីថល (Digital) ដូចជា ប្រព័ន្ធទូទាត់បាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា CSS និង KHQR ជាដើម។ កម្មវិធី Chief Easy (Chief Easy App) អនុញ្ញាតឱ្យអតិថិជនស្នើសុំប្រាក់កម្ចីឌីជីថល (Digital) តាមរយៈទូរសព្ទដៃបានរហូតដល់ ៥០០០ ដុល្លារ ដោយមិនត្រូវការទ្រព្យបញ្ចាំរយៈពេល ២៤ ម៉ោងនៅថ្ងៃធ្វើការ។ គំនិតផ្តួចផ្តើមនេះគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបាន ឥណទានផ្លូវការទៅតាមគោលបំណងផ្ទាល់ខ្លួន។ កម្មវិធី Chief Mobile ៣.០ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ ដោយផ្តល់នូវការប្រើប្រាស់កាន់តែងាយស្រួលសម្រាប់តម្រូវការសេវាកម្មធនាគារឌីជីថល (Digital Banking)។

ធនាគារ ឈីហ្វ គ្រោងនឹងបន្តពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗ។ យុទ្ធសាស្រ្តដែលរួមបញ្ចូលជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរប្រពន្ធ័ឌីជីថល (Digital Transformation)ដែលជួយដល់ធនាគារក្នុងការបំពេញតម្រូវការអតិថិជនឲ្យកាន់តែល្អបន្ថែមទៀត និងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជួយដល់ផ្នែកបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

ភាពធន់ និងកំណើនឥតឈប់ឈររបស់ធនាគារ ឈីហ្វ ក៏ដោយសារតែគោលនយោបាយគ្រប់គ្រងហានិភ័យដ៏រឹងមាំរបស់ខ្លួន។ ធនាគារតែងតែផ្តោតជាអាទិភាពដល់ការគ្រប់គ្រងហានិភ័យ និងសុចរិតភាព ដោយធានាថារាល់ការសម្រេចចិត្តត្រូវស្របតាមចក្ខុវិស័យដែលមានរយៈពេលវែង និងជាមួយដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់អាស៊ាន។ យើងយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងផ្តោតលើមធ្យោបាយដែលអាចគាំទ្រកំណើនប្រកបដោយនិរន្តរភាពចំពោះអតិថិជន និងអាជីវកម្មរបស់យើង។ វិធីសាស្រ្តនេះបានជួយយើងរក្សាស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។

ការឈានមកដល់ឆ្នាំ ២០២៥ នេះ យើងនៅតែបន្តផ្តោតទៅលើការជឿទុកចិត្ត ក្រមសីលធម៌ វិជ្ជាជីវៈ និងការឆ្នៃ ប្រឌិតដោយពង្រឹងលើដំណោះស្រាយធនាគារឌីជីថល (Digital Banking) ដោយពង្រីកការដាក់បញ្ចូលបរិយាប័ន្នហិរញ្ញវត្ថុ និងការពង្រឹងភាពជាដៃគូរបស់យើងដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច ដែលធ្វើឱ្យយើងឈរលើទីតាំងដ៏ល្អមួយសម្រាប់ការអភិវឌ្ឍខ្លួនបន្ថែមទៀត។ ដោយមានការគាំទ្រឥតងាករេរបស់អតិថិជន បុគ្គលិកប្រកបដោយ សមត្ថភាព និងការគាំទ្រផ្នែកច្បាប់យ៉ាងរឹងមាំពីធនាគារជាតិនៃកម្ពុជា យើងមានទំនុកចិត្តថា ធនាគារនឹងមិនត្រឹមតែសម្រេចបានតាមគោលដៅប៉ុណ្ណោះទេ ប៉ុន្តែអាចលើសពីគោលដៅរបស់ខ្លួនក្នុងឆ្នាំខាងមុខទៀត។ ដោយមានចក្ខុ វិស័យច្បាស់លាស់មួយនៅឆ្នាំ ២០២៥ នេះគឺដើម្បីបន្តធ្វើជាដៃគូហិរញ្ញវត្ថុដែលអាចទុកចិត្តបានសម្រាប់អតិថិជនរបស់យើង ក៏ដូចជារក្សាស្តង់ដារសីលធម៌ខ្ពស់បំផុត និងរួមចំណែកដល់កំណើនហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ជាមួយនឹងការដាក់ឱ្យដំណើរការទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower នាខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ យើងនឹងបន្តការប្តេជ្ញាចិត្តដើម្បីអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌ ដោយធនាគារបានកំណត់បន្តភាពជោគជ័យនៅក្នុងវិស័យហិរញ្ញវត្ថុដែលមានការប្រកួតប្រជែង និងមិនធ្លាប់មានពីមុនមក។ ធនាគារនៅតែផ្តោតលើការកសាងទំនាក់ទំនងរយៈពេលវែងដោយសុចរិតភាព និងការជំរុញទំនុកចិត្តដែលជាធាតុផ្សំដ៏សំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពនៅកម្ពុជា។

ជាចុងក្រោយ ក្នុងនាមថ្នាក់ដឹកនាំរបស់ធនាគារពាណិជ្ជឈីហ្វ(ខេមបូឌា) ម. ក ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដោយស្មោះចំពោះអតិថិជនទាំងអស់ដែលបានជ្រើសរើសធនាគារពាណិជ្ជឈីហ្វ (ខេមបូឌា) ម. ក ធ្វើជាដៃគូរយៈពេលវែង។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សហសេវិកដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាលំនឹងប្រតិបត្តិការរបស់យើងដូចជា លោកចៅ ឆុងកៃភីតធ័រ (Mr. CHAU CHUNGKAIPETER) ជាអ្នកបង្កើតនិងជាម្ចាស់ភាគហ៊ុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាលឯករាជ្យ ក្រុមថ្នាក់ដឹកនាំ មន្ត្រីទាំងអស់មកពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសម្រាប់បន្តការ គាំទ្រឥតងាករេចំពោះខ្ញុំបាទដើម្បីបំពេញតួនាទីជាប្រធាននាយកប្រតិបត្តិ។ ខ្ញុំពិតជាមានមោទនភាពចំពោះ វឌ្ឍនភាពដ៏ល្អដែលយើងបានធ្វើរួមគ្នាកន្លងមក ហើយយើងមានទំនុកចិត្តថាយើងនឹងធ្វើឲ្យធនាគារកាន់តែប្រសើរឡើង ធនាគារកាន់តែមានភាពច្នៃប្រឌិត ធនាគារដែលជាជម្រើសដំបូងសម្រាប់អតិថិជន ធនាគារដែលធ្វើឲ្យបុគ្គលិក អតិថិជន និងភាគទុនិកផ្សេងៗជឿទុកចិត្តយ៉ាងពិតប្រាកដ និងរៀបចំអនាគតហិរញ្ញវត្ថុដ៏ភ្លឺស្វាងសម្រាប់កម្ពុជា។

យើងទន្ទឹងរង់ចាំស្វាគមន៍ និងបម្រើលោកអ្នកយ៉ាងល្អបំផុត។

ដោយក្តីគោរពពី

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ

Latest Offer