ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈានដល់កិច្ចសហការគ្នាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ដែលបានចុះហត្ថលេខានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ហើយកិច្ចសហប្រតិបត្តិការនេះផ្តោតលើកម្មវិធី Chief Easy ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថលដែលជួយបង្កើនភាពងាយស្រួលនៃកម្ចីផ្នែកហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
Chief Easy បង្កើននិន្នាការរីកចម្រើននៃធនាគារឌីជីថលនៅប្រទេសកម្ពុជា និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំប្រាក់កម្ចីបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែង គ្រប់ពេលវេលា និងធានាការឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងនៃថ្ងៃធ្វើការ។ ជាមួយការអនុម័តដំបូងដោយធនាគារជាតិនៃកម្ពុជា (NBC) នៅក្នុងឆ្នាំ២០២១ កម្មវិធីទូរស័ព្ទដៃនេះត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចីខ្នាតតូច ១០០០ ដុល្លារ។ ដែនកំណត់នេះត្រូវបានបង្កើនដល់ ៥០០០ដុល្លារ ក្រោយមានការអនុម័តជាថ្មីនៅឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យកម្មវិធីនេះបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។